សិល្បះ-កីឡា

នាយកុយ, សិរីមន្ត និងយាយណាង នឹងទៅសុំអន្តរាគមន៍ ផ្ទាល់ពីសម្តេចតេជោ បើក្រុមហ៊ុន SK នៅតែមិនអើពើ សំណង

ភ្នំពេញ៖ ថ្លែងសារជាថ្មី ម្ដងទៀត ពាក់ព័ន្ធជាមួយ សំនុំរឿងគ្រោះថ្នាក់ចរាចរ ដែលបានកើតឡើង កាលពី ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៣នៅក្នុង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ នាយ កុយ ខេមរៈ សិរីមន្ត និងយាយណាង ក៏ដូច ជាក្រុមគ្រួសារ រងគ្រោះដ៏ទៃទៀត បានប្រកាន់ជំហរ និងប្រកាសជាសាធារណៈថា ប្រសិនបើក្រុមហ៊ុន SK ដែល ជាអ្នកបង្ករសោធនាកម្ម ដ៏ធំធេងទៅលើក្រុម គ្រួសារជនរងគ្រោះខាងលើនេះ នៅតែសំងំមិនចេញមុខ ដោះស្រាយ សំណង តាមផ្លូវច្បាប់ ខណៈដែល ពាក្យបណ្តឹងត្រូវបានរៀបចំ ដាក់ជាយូរមកហើយ នៅឯតុលាការក្រុង ព្រះសីហនុ នោះទេ សមាជិកក្នុងក្រុមគ្រួសារ ជនរងគ្រោះទាំងអស់ នឹងទៅសម្រេចចិត្តទៅជួបផ្ទាល់ ជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្តេចជួយអន្តរាគម ដល់ក្រុមហ៊ុន ក៏ដូចជាជួយពន្លឿន សំណុំរឿងមួយនេះ ព្រោះរហូតមកដល់ពេលនេះ ជនរងគ្រោះមិនទាន់ទទួល បានដំណឹងណាមួយ ទាល់តែសោះ ពីក្រុមហ៊ុន SK ក៏ដូច ជាតុលាការក្រុងព្រះសីហនុ ។
ថ្លែងក្នុងសន្និសិទ្ធិសារព័ត៌មាន នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៣ នៅឯសមាគមសិល្បករខ្មែរ លោក ជួង ជី ហៅនាយកុយ លោក ខេមរៈ សិរីមន្ត និងជនរងគ្រោះមួយចំនួនទៀត បានថ្លែងបញ្ជាក់ថា ចាប់តាំងពីជួបគ្រោះ អកុសល បាត់បង់ជីវិតសមាជិកគ្រួសារ និងរហូតដល់មានការដាក់ពាក្យបណ្តឹង ប្ដឹងទៅការកាន់តុលាការ ក្រុងព្រះសីហនុ ដើម្បីទាមទារសំណង ជំងឺចិត្តរួចមក គឺរហូតមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយ ឬដំណឹងណាមួយ ពីក្រុមហ៊ុន ក៏ដូចជាពីមន្ត្រីតុលាការ ចាត់ការទៅលើសំណុំរឿង ករណីគ្រោះថ្នាក់ចរាចរ ដែល ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាមហាជនទន្ទឹងរង់ចាំមើលពីលទ្ធផល ដ៏អន្ទះសារនេះ។
លោក ខេមរៈ សិរីមន្ត បាននិយាយថា "រហូតមកដល់ពេលនេះ រូបខ្ញុំ លោកពូកុយ ក៏ដូចជាលោកយាយណាង នៅមិនទាន់ មានដំណោះស្រាយអ្វីនៅឡើយទេ ចាប់តាំងពីថ្ងៃកើតហេតុ។ ខ្ញុំចង់បង្ហាញ ឲ្យសាធារណជន ទូរទាំង ប្រទេស ដែលតែងតែចង់ដឹងរឿងនេះ ឲ្យបានយល់ នឹងដឹងច្បាស់ថា ក្រុមហ៊ុន SK មិនទាន់មានដំណោះស្រាយ ឬសំណងណាមួយជូនដល់ក្រុមគ្រួសាររងគ្រោះ ដល់រូបខ្ញុំ ហើយតុលាការក៏ស្ងាត់ឈឹងដែរ "។
ដោយឡែក នាយកុយ ក៏បានថ្លែងទាំងទឹកមុខក្រៀមក្រំ និងទឹកភ្នែករលីងរលោងថា "រយៈពេលជិត១ខែមកហើយ គឺយើងអត់មានដំណឹងអ្វីទាំងអស់ រហូតដល់មានពាក្យចចាមអារ៉ាមថា សំណងនោះគេបានសងរួចរាល់ហើយ តាមសំណូមពររបស់ក្រុមគ្រួសារសពទាំងអស់ ។ ការពិតគឺគ្មានទាំងអស់ កុំថាឡើយសំណង សូម្បីតែការផ្តល់ ដំណឹងពីការជួបពិភាក្សាគ្នា រកដំណោះស្រាយ ឬការចរចាពីសំណាក់ក្រុមហ៊ុនក៏គ្មានដែរ ។ កូនខ្ញុំស្លាប់ទាំងមូល (នាយកុយស្រក់ទឹកភ្នែក.. អួលដើមក...) ជីវិតមនុស្សបាត់បង់ទាំងមូល គ្មានអ្នកណាអើពើ ខ្ញុំសុំតែម្យ៉ាង សូម ជួយរកដំណោះស្រាយឲ្យបានឆាប់..! "។
នាយ កុយ បានបន្តទាំងអារម្មណ៍ស្រណោះស្រណោកទៀតថា "ជាធម្មតារឿង ដែលបានកើតឡើងទៅហើយ បាត់ បង់ទៅហើយ ឪពុកម្តាយជនរងគ្រោះ តែងតែចង់ដឹងថា ដំណោះស្រាយនោះ យ៉ាងម៉េច? ដល់ក្នុងដំណាក់កាល ណា? ហើយសំណងនៃការទាមទារនោះបានប៉ុន្មាន? គឺគ្មានសោះ ហាក់បីដូចអ្នកដែលស្លាប់ទៅ គឺរសាយម្តង បន្តិចៗ ធ្វើឲ្យក្រុមគ្រួសារគ្មានភាព កក់ក្តៅទាល់តែសោះ..! ។ ខ្ញុំជាឪពុករបស់ ជី វីរៈ សូមទទួចជាថ្មីម្តងទៀត មេត្តាជួយរកដំណោះស្រាយឲ្យបានចាប់រហ័សបំផុត ទោះជាក្រុមហ៊ុនមានការធានារ៉ាប់រងយ៉ាងណាក៏ដោយ ។ ខ្ញុំសូមអំពាវនាវ ដល់សមត្ថកិច្ចពាក់ព័ន្ធ រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ កិត្តិព្រឹត្តិបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ មិនថាតែសិល្បករ សិល្បការិនី តែងដឹងគុណ លោកជានិច្ច ខ្ញុំបាទសូមមេត្តការអន្តរាគមន៍ពីសម្តេច ជួយរកយុត្តិធម៌ពីសំណាក់ក្រុមហ៊ុន ក៏ដូចជាតុលាការ ក្រុងព្រះសីហនុ ដើម្បីឲ្យយើងខ្ញុំ ទាំងអស់គ្នាជាកូន ជាចៅ ជាជនរងគ្រោះ ស្ងប់អារម្មណ៍ នឹងទទួលបាន សំណង សមរម្យ “។
សូមបញ្ជាក់កាលពីរាត្រីថ្ងៃទី០៧ ខែមីនា រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនSK បានបុកពេញទំហឹង ទៅលើរថយន្ត ក្រុម តារាចម្រៀង របស់លោក ខេមរៈ សិរីមន្ត បណ្តាលឲ្យអ្នករួមដំណើរ៤នាក់ បានស្លាប់បាត់បង់ជីវិត។ ក្រោយពី កើតគ្រោះថ្នាក់ ទាំង ខេមរៈ សិរីមន្ត និងក្រុមគ្រួសាររងគ្រោះផ្សេងទៀត បានដាក់ពាក្យបណ្តឹងទៅ សមត្ថកិច្ច ហើយ ពាក្យបណ្តឹង ចំនួន៧ ទាមទារសំណងនៃការបាត់បងជីវិត ក៏បានបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ រួចរាល់ផងដែរ តែរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ មិនទាន់មានដំណោះស្រាយនៅឡើយនោះទេ៕
Looking Today
Looking Today
Looking Today
Looking Today

No comments:

Post a Comment