សំណើច

សំណើច៖ នរណាល្ងង់ជាង?

ព្រហស្បតិ៍ ២៨ មីនា, ២០១៣ ម៉ោង ១៣:២៣

ក “ពួកម៉ាក បើនិយាយអំពីបញ្ញា តើមនុស្ស និងសត្វខុសគ្នាយ៉ាងដូចម្តេច?”
ខ “ខុសគ្នាឆ្ងាយណាស់ មនុស្សចេះវិភាគ និងចេះស្រាវជ្រាវ។ iPad ដែលឯងប្រើសព្វថ្ងៃ ក៏ដោយសារបញ្ញានៃមនុស្ស និយាយរួមមនុស្សឆ្លាត អាចគិតវែងឆ្ងាយបាន មិនល្ងង់ដូចសត្វដែលគិតបានខ្លីនោះទេ”
ក “រឿងមួយដែលគ្នាមិនយល់ បើមនុស្សឆ្លាត ហេតុអ្វីកាលពីម្សិលម៉ិញ បុរសម្នាក់លោតទឹកសម្លាប់ខ្លួនដោយសារវិបតិ្តស្នេហា ហើយដែលឃើញសត្វ ដែលឯងថាគិតខ្លី លោតទឹកសម្លាប់ខ្លូនឬទេ?”
ខ “នរណាឲ្យវាស្រលាញ់ស្រី ដែលមិនស្រលាញ់វាធ្វើអី?”
ក “បានសេចក្តីថា វាជាមនុស្សល្ងង់មែនទេ?”៕

សំណើច៖ នៅទីនោះអ្វីក៏មានដែរ

ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៣:២៣

នាយប្រុញទៅសួរសុខទុក្ខ មេដែលឈឺធ្ងន់នៅមន្ទីរពេទ្យ។ តាមស្ថានភាពជម្ងឺ នាយប្រុញដឹងថា មេមិនអាចរស់បានច្រើនថ្ងៃទៀតទេ។ នាយប្រុញខំលួងលោមមេ ដោយនិយាយថា “សូមមេខំថែរក្សាសុខភាព កុំខ្វល់ខ្វាយអំពីការងារអី ទុកឲ្យខ្ញុំជាអ្នកចាត់ចែងបានហើយ”។
មេនិយាយតបវិញថា “អញមិនគិតអំពីការងារទៀតទេ ឯងគិតមើលហ៏ អញធ្លាប់ដេកម៉ាស៊ីនត្រជាក់ មានឡានទំនើបជិះ ចង់បានស្រាមានស្រាថ្លៃផឹក ចង់បានស្រី គេនាំស្រីក្មេងឲ្យ អ្វីដែលអញបារម្ភគឺ មិនដឹងនៅឋាននោះ ការរស់នៅមានលក្ខណៈយ៉ាងម៉េចទេ”
នាយប្រុញចង់ឲ្យមេស្លាប់ឆាប់ៗ ដើម្បីបានស្នងតំណែង ក៏បញ្ចុះបញ្ចូលមេឲ្យឆាប់ស្លាប់ថា “រឿងហ្នឹងកុំភ័យ នៅទីនោះអ្វីក៏មានដែរ មានម៉ាស៊ីនត្រជាក់ មានខ៉ារ៉ាអូខេ មានស្រាល្អៗផឹក ស្រីម៉ាកអីក៏មាន ឥឡូវនេះគេចាយសុទ្ធតែដុល្លារ គេអាចប្រើ Passport និង Visa ដើម្បីចេញចូលលេងប្រទេសណាក៏បាន ទីនោះក៏មានទូរស័ព្ទទំនើប ដូចជា iPhone សម្រាប់ទាក់ទងមកឋានកណ្តាលយើងទៀតផង”។
មេលឺដូច្នេះ ធូរចិត្តបន្តិច ប៉ុន្តែនៅតែសួរបញ្ជាក់នាយប្រុញថា “ម៉េចក៏ឯងដឹង?”
នាយប្រុញ “អ្នកសា្លប់មិនមែនមានតែរាស្រ្តតូចតាចនោះទេ មានទាំងមេទ័ព រដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី លោកគិតមើល បើនៅទីនោះពិបាករស់នៅ ម្លោះម្នាក់ៗនាំគ្នារត់មកឋានកណ្តាលវិញអស់ហើយ”៕

សំណើច​៖ ហាងបាយដែលឆ្ងាញ់បំផុត

ព្រហស្បតិ៍ ២១ កុម្ភៈ, ២០១៣ ម៉ោង ១៣:៥៩

សុខនាំពួកម៉ាក ដែលទើបមកពី USA ទៅស៊ីបាយនៅហាងមួយ។ ពេលគិតលុយ សុខសួរ ពួកម៉ាកថា “យ៉ាងម៉េចដែរ ម្ហូបនៅហាងនេះ?”
ពួកម៉ាក “បើគ្មានឯងនាំមក កុំអីក្នុងមួយជីវិតនេះ គ្នានឹងមិនស្គាល់អ្វីដែលហៅថា ឆ្ងាញ់នោះទេ”
សុខ “នៅមានហាងដែលឆ្ងាញ់ជាងនេះទៀត”
ពួកម៉ាក “តើហាងមួយណាទៅ?”
សុខ “ឥឡូវនេះគេឈប់លក់ហើយ”
ពួកម៉ាក “តើហាងនោះធ្វើម្ហូបពិសេសអ្វីខ្លះ?”
សុខ “សម្លម្ជូរដើមចេកធម្មតា ប៉ុន្តែសម្ល និងបាយស៊ីអស់គ្មានសល់ មិនដូចម្ហូបដែលស៊ីសល់នៅថ្ងៃនេះទេ។ ហាងនោះចាប់បើកនៅឆ្នាំ១៩៧៥ ហើយត្រូវក្ស័យធននៅដើមឆ្នាំ១៩៧៩ សរុបសេចក្តីមក ទាំងពួកម៉ាក និងប្រិយមិត្ត ជំនាន់ក្រោយ នឹងមិនស្គាល់អ្វីហៅថារស់ជាតិឆ្ងាញ់ជារៀងរហូត។”

No comments:

Post a Comment